ចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន

 បញ្ហាកកស្ទះចរាចរណ៍មានជាយូរណាស់មកហើយនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងធំៗដទៃទៀតនៅលើសកលលោក។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះបញ្ហាចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចម្បង។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកឡើងតែពីការកកស្ទះចរាចរណ៍និងបញ្ហាផ្សេងៗទៀត ក្រៅពីបញ្ហាគ្រោះថា្នក់ចរាចរណ៍ ព្រោះថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេលើកឡើងម្ដងហើយម្ដងទៀត។ បច្ចុប្បន្ននេះ បញ្ហាចរាចរណ៍ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ គឺបញ្ហាកកស្ទះចរាចរណ៍។

យើងសង្កេតឃើញថាស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កាន់តែអាក្រក់ទៅៗ។ ជារៀងរាល់ថ្ងៃ នាពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច យើងតែងតែមានអារម្មណ៍ម៉ួម៉ៅ មិនសប្បាយចិត្ត ដោយសារតែការកកស្ទះតាំងពីពេលដែលចេញពីផ្ទះទៅកន្លែងធ្វើការឬសាលារៀន និងពេលត្រលប់មកផ្ទះវិញ។ បើយើងមើលពីខាងលើមកវិញ យើងនឹងឃើញថាចរាចរណ៍នៅលើដងផ្លូវស្ទើរតែ៩០% ដែលមិនមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយរថយន្ត (តូចធំ) និងម៉ូតូព្រមទាំងកង់បី នៅច្របល់ចួលគ្នា មិនដឹងថាអ្នកណាមកអ្នកណាទៅ។ តើបញ្ហានេះកើតឡើងដោយសារអ្វី? តើការកកស្ទះក្នុងរាជធានីភ្នំពេញ ខុសពីការកកស្ទះក្នុងទីក្រុងនាប្រទេសដទៃត្រង់ណាខ្លះ? តើហេតុអ្វីបានជាស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែអាក្រក់ទៅៗ? ក្នុងអត្ថបទនេះ ខ្ញុំសូមលើកឡើងពីទស្សនៈផ្ទាល់ខ្លួនខ្លះៗ ទាក់ទិននឹងបញ្ហានេះ។

ខ្ញុំក៏ដូចជាប្រជាជនខ្មែរដទៃដែលតែងតែធ្វើដំណើរនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ បញ្ហាដែលខ្ញុំជួបប្រទះក៏មិនខុសគ្នាពីអ្នកដទៃ។ ខ្ញុំត្រូវចំនាយពេលយ៉ាងតិចមួយម៉ោង ដើម្បីទៅដល់កន្លែងធ្វើការ ទាំងដែលកន្លែងធ្វើការរបស់ខ្ញុំ មានចម្ងាយតែ០៤គីឡូម៉ែតពីផ្ទះរបស់ខ្ញុំ។ យោងតាមផែនទីរបស់ Google ខ្ញុំអាចចំនាយពេលតែ១២នាទីប៉ុណ្ណោះ។

ភាគច្រើនរាល់ពេលដែលស្ទះចរាចរណ៍ អ្នកធ្វើដំនើរតែងតែប្រជ្រៀតគ្នានិងដណ្ដើមគ្នាទៅមុន។ មិនថារថយន្ត ឬម៉ូតូ ព្រមទាំងម៉ូតូកងបី មិនបានប្រកាន់ផ្លូវរបស់ខ្លួន និងបំពានចូលផ្លូវដទៃ។ ឧទាហរណ៍រថយន្តបត់ចូលផ្លួវម៉ួតូ ម៉ូតូបត់ចូលផ្លូវរថយន្តទៅវិញ។ បើនិយាយពីម៉ូតូកង់បីវិញ មិនដឹងជាត្រូវទៅផ្លូវមួយណាឲ្យប្រាកដ។ ឲ្យតែមានប្រឡោះអាចឲ្យក្បាលម៉ួតូទៅបាន អ្នកបើកបរម៉ូតូកង់បីតែងតែរុលមុខទៅជានិច្ច ដោយមិនគិតថាគាត់មានសណ្ដោងរ៉ីម៉ក់នៅខាងក្រោយទេ។ ពេលខ្លះអ្នកបើកបររថយន្តនិងម៉ួតូ ថែមទាំងហ៊ានបំពានបើកលើផ្លូវបញ្ច្រាសទិសខ្លួនទៀតផង ដោយមិនបានគិតថាអាចធ្វើឲ្យអ្នកធ្វើដំណើរមកស្ទះដែរនោះទេ។ នៅចំនុចបែកជាបួនដែលគ្មានភ្លើងស្តុបវិញ ម្នាក់ៗតែងតែគិតថាធ្វើម៉េចឲ្យតែបានទៅមុន ដោយមិនខ្វល់អ្នកដទៃនៅចាំទៅមុនឬយ៉ាងណាទេ។ ពេលខ្លះយើងបង្អង់ ដើម្បីអនុគ្រោះឲ្យគេទៅមុន ក៏ប៉ុន្តែមិនមានអ្នកណាម្នាក់បង្អង់ ដើម្បីឲ្យយើងទៅមុនវិញទេ។ ដោយសារតែបទពិសោធន៍នេះហើយ ទើបធ្វើឲ្យអ្នកធ្វើដំនើរភាគច្រើន លែងអនុគ្រោះឲ្យគ្នាទៅវិញទៅមក ធ្វើម៉េចឲ្យតែបានទៅមុន។ បើនៅផ្លូវបែកជាបួនដែលមានស្តុបវិញ យើងសង្កេតឃើញថានៅមានអ្នកដំនើរមួយចំនួនមិនគោរពភ្លើងស្តុបឡើយ។ ពួកគេមិនខ្វល់ថាភ្លើងក្រហម ឬលឿងនោះទេ។ អ្វីដែលពូកគេខ្វល់គឺថាគេអាចឆ្លងបានព្រោះថាមិនមានអ្នកឆ្លងកាត់។ ពេលខ្លះអ្នកធ្វើដំនើរមួយចំនួន តែងតែបន្ថែមល្បឿននៅពេលដែលស្តុបលោតក្រហមទៅហើយ។ ចំនែកអ្នកខ្លះទៀត ស្តុបមិនទាន់បៃតងផង ក៏ប្រញាប់ទៅមុខដែរ។ ខ្ញុំតែងតែត្រូវបានគេស៊ីផ្លេ និងស្ដីឲ្យថាម៉េចក៏មិនព្រមទៅ? គេនាំគ្នាទៅអស់ហើយតើស?ខ្ញុំក៏បានប្រាប់ពួកគាត់វិញថា ឲ្យខ្ញុំទៅយ៉ាងម៉េច បើស្តុបមិនទាន់បើកផង?។ ពេលខ្លះខ្ញុំក៏មានអារម្មណ៍ថាខ្លាចដែរ ព្រោះថាអ្នកស៊ីផ្លេខ្លះបើករថយន្ដថ្លៃៗតម្លៃរាប់ម៉ឺន។ អ្នកខ្លះទៀតបានស៊ីផ្លេខ្ញុំ នៅពេលដែលខ្ញុំឈប់មុនគំនូស គេនិយាយថាខ្ញុំធ្វើឲ្យស្ទះអ្នកដទៃ។ ខ្ញុំតែងតែងាកបន្តិចដើម្បីឲ្យអ្នកដទៃអាចទៅមុខបាន។ ពូកគេតែងតែទៅឈប់នៅលើចំនុចកណ្ដាលផ្លូវប្រសប់។ តើការដែលឈប់បែបនេះ ធ្វើឲ្យចំណេញប៉ុន្មាននាទីទៅ? ពេលខ្លះខ្ញុំឆ្ងល់ថា តើពួកគាត់ប្រញាប់ខ្លាំងណាស់ឬ? ពួកគាត់គួរតែដឹងច្បាស់ណាស់ពីស្ថានភាពចរាចរណ៍ ដូចនេះពូកគាត់គួរតែចេញដំនើរមុនពេល និងលៃពេលសម្រាប់ស្ទះ។ តើអ្នកណាមិនប្រញាប់? តើអ្នកណាមិនមានម៉ោងកំណត់? ជម្ងឺ ធ្វើម៉េចឲ្យតែខ្លួនបានទៅមុនក្លាយជាជម្ងឺមួយ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសង្គមកម្ពុជា។ ខ្ញុំមិនទាន់និយាយពីរថយន្តធំៗ ដូចជារថយន្តដឹកទំនិញ រថយន្ដកុងទ័រន័រ រថយន្ដដឹកខ្សាច់ រថយន្ដកិនស៊ីម៉ង់ ។ល។ (តែមិនមែនរថយន្តក្រុង ព្រោះតាមខ្ញុំសង្កេត រថយន្តក្រុងមិនសូវបង្ករបញ្ហាលំបាក់លើដងផ្លូវទេ)។ រថយន្ដធំៗទាំងនេះ នៅតែធ្វើចរាចរណ៍យ៉ាងសកម្មនៅលើដងផ្លូវ ទោះជាមានច្បាប់ហាមឃាត់មិនឲ្យបើកនៅពេលថ្ងៃក៏ដោយ។ រថយន្ដធំៗទាំងនោះ តែងតែបង្ករការកកស្ទះលើដងផ្លូវ នៅពេលដែលបត់ឬចូលទៅក្នងឃ្លាំងជាដើម។   ចំនែកអ្នកបើកបរខ្លះទៀត តែងតែបត់មិនបើកភ្លើងសុំផ្លូវមុននោះទេ ពេលខ្លះពូកគេចេញពីផ្លូវតូច រួចបត់ឡើងផ្លូវធំ ដោយមិនបានគិតថាមានអ្នកមកពីក្រោយទេ។ នៅមានបញ្ហាជាច្រើនទៀត ដែលខ្ញុំមិនបានរៀបរាប់អស់។

ចំពោះទស្សនៈខ្ញុំយល់ថា ការដែលកើនឡើងនៃបញ្ហាទាំងអស់នេះ ដោយសារតែកត្តាធំៗមួយចំនួនដូចជា៖

កំនើនប្រជាជននៅក្នុងរាជធានីភ្នំពេញមានកើនឡើងគួរឲ្យកត់សម្គាល់។ កំនើននេះបូករួមបញ្ចូលចំនួនប្រជាជនធ្វើចំនាកស្រុកពីខេត្តនានា មករកការងារធ្វើនៅក្នុងរាជធានីផងដែរ។ ចំនួននៃរថយន្តនិងម៉ូតូ ក៏មានការកើនឡើងយ៉ាងខ្លាំង។ ដោយសារតែជីវភាពរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញមានភាពប្រសើរ ព្រមទាំងទីផ្សារលក់យាន្តជំនិះផ្សេងៗកាន់តែច្រើនឡើងផងដែរ។ នៅក្នុងគ្រួសារខ្លះអាចមានលទ្ធភាពទិញម៉ូតូម្នាក់មួយ។ ចំនែកគ្រួសារដែលមានជីវភាពធូធារវិញ មានលទ្ធភាពអាចទិញរថយន្តម្នាក់មួយទៀតផង។ យើងអាចសន្និដ្ឋានបានថា តើចំនួនរថយន្តនិងម៉ួតូច្រើនប៉ុណ្ណា បើម្នាក់មានម៉ួតូឬរថយន្តមួយនោះ?

ស្ថានភាពផ្លូវនិងចញ្ចើមផ្លូវ ក៏ជាកត្តាដែលបណ្ដាលឲ្យមានការកកស្ទះផងដែរ។ ដោយចំនួនយាន្តជំនិះមានការកើនឡើង តែផ្លូវនៅមានទំហំតូច។ ជាពិសេសការលក់ដូរ និងឈប់ដោយគ្មានសណ្ដាប់ធ្នាប់ តែងតែបង្ករការកកស្ទះ មិនថាតែនៅជុំវិញផ្សារនោះទេ សូម្បីតែនៅតាមដងផ្លូវផ្សេងៗក៏ដោយ។  លទ្ធផលដែលបានមកការលក់ដូរតាមចញ្ចើមផ្លូវ គឺគំនរសម្រាមដែលរាយប៉ាយនិងគរពេញតាមបណ្ដោយផ្លូវទាំងនោះ។ 

បញ្ហាទាំងនេះក៏អាចកើតឡើង ពីភាពធូររលុងនៃច្បាប់ចរាចរណ៍ និងចំនេះដឹងនៃអ្នកដំនើរនៅលើដងផ្លូវផងដែរ។ តើពូកគេមានប័ណ្ណបើកបរម៉ូតូឬរថយន្ដដែរឬទេ? បើពួកគេមាន តើប័ណ្ណបើកបរទាំងនោះ បានមកការប្រលងនិងរៀនត្រឹមត្រូវ ឬក៏បានមកការចំនាយលុយ? តើពួកគេបានទទួលពត័មានពេញលេញ ស្ដីពីច្បាប់ចរាចរណ៍ដែរឬទេ? ជាពិសេសប្រជាជនដែលទើបតែមកពីខេត្ត និងប្រជាជនដែលទើបមានយាន្តជំនិះប្រើប្រាស់។

មួយវិញទៀតបញ្ហាទាំងនេះ ក៏បណ្ដាលមកពីការធ្លាក់ចុះនៃសីលធម៏ និងសុជីវធម៏របស់ប្រជាជនខ្មែរ។ ប្រជាជនខ្មែរបាត់បង់នូវទម្លាប់អត់អោននិងយោគយល់គ្នា ដែលក្លាយទៅជាជម្ងឺ ធ្វើម៉េចឲ្យតែខ្លួនបានទៅមុន។ ផ្ទុយទៅវិញ អ្នកធ្វើដំនើរភាគច្រើន បែរជាចង់យកឈ្នះគ្នា គុំគួន និងឌឺដងដាក់គ្នា នៅលើដងផ្លូវទៅវិញ។

តើយើងគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ? ចម្លើយគឺស្ថិតនៅលើយើងទាំងអស់គ្នា ព្រមទាំងការចូលរួមពីអាជ្ញាធរ។ ការគោរពច្បាប់គឺកើតឡើងពីអ្នកធ្វើដំណើរ ពូកយើងនេះហើយដែលជាអ្នកធ្វើដំណើរ។ បើទោះបីជាការគោរពច្បាប់របស់យើង ធ្វើឲ្យប៉ះពាល់ដល់ការបំពានរបស់អ្នកដទៃ ក៏យើងត្រូវតែតាំងចិត្តថាធ្វើឲ្យបាន ពីព្រោះថាវាជាគំរូដល់អ្នកដទៃ។

វិធានការណ៍ច្បាប់ត្រូវតែបន្ដឹងឲ្យរឹតតែខ្លាំង។ អាជ្ញាធរត្រូវតែព្យាយាមធ្វើយ៉ាងណា ឲ្យការប្រលងយកប័ណ្ណបើកបរ មានភាពសុក្រឹត និងមានតម្លាភាព។ ត្រូវប្រាកដឲ្យច្បាស់ថាអ្នកជាប់ទាំងអស់ ពិតជាចេះទាំងទ្រឹស្ដីនិងដៃចង្កូតពិតប្រាកដមែន។ (ខ្ញុំដឹងថាចំនុចនេះ គឺជាចំនុចដែលពិបាក នឹងកែប្រែបំផុត)។

អាជ្ញាធរតាមតំបន់គួរតែ រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាចញ្ចើមផ្លូវនានា កុំឲ្យមានការលក់ដូរ ឬរំលោភបំពានលើចញ្ចើមផ្លូវទាំងនោះ។ លុបបំបាត់ចោលនូវការយកលុយភាស៊ីពីអ្នកលក់ដូរ ឬម្ចាស់រថយន្តតាស៊ី។ លើកកម្ពស់ចំណេះដឹងទាក់ទងនឹងសណ្ដាប់ធ្នាប់ និងអនាម័យ ជាពិសេសការថែរក្សាចញ្ចើមផ្លូវ។ 

ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងសីលធម៏ សុជីវធម៏របស់អ្នកបើកបរ ត្រូវតែមានភាពទូលំទូលាយ និងជ្រាបច្បាស់ដល់ប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេសនៅតាមស្ថាប័នអប់រំ ដែលបន្ដុំទៅដោយអ្នកបើកបរវ័យក្មេង។ ខ្ញុំពេញចិត្តនៅពេលដែលខ្ញុំឃើញប្អូនៗស្ម័គ្រចិត្តមកពីកាកបាទក្រហម ដែលតែងតែធ្វើចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមភ្លើងស្តុបធំៗមួយចំនួន។ ខ្ញុំគាំទ្រឲ្យមានសកម្មភាពបែបនេះឲ្យកាន់តែច្រើនឡើងៗ។ ជាពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធសារគមនាគមន៍ទាំងឡាយ ដូចជាទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដូចជា Facebook ជាដើម។

ខ្ញុំសង្ឃឹមថានឹងឃើញមានភាពប្រសើរឡើងវិញនូវការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ បើសិនជាមិនមានវិធានការណ៍ ឬការអន្តរាគមន៍ឲ្យបានទាន់ពេលទេ នោះស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ។

សូមចូលរួមទាំងអស់គ្នា ដើម្បីស្ដារស្ថានភាពចរាចរណ៍ក្នុងទីក្រុងយើងឡើងវិញ! 

ប័ណ្ណបើកបរម៉ូតូ

ប័ណ្ណបើកបររថយន្ត

(ខ្ញុំត្រូវចំនាយប្រាក់ដូចអ្នកដទៃដែរ បើខ្ញុំមិនចំនាយប្រាក់ ទោះជាខំប្រលងយ៉ាងណា ក៏មិនអាចជាប់ដែរ។ ខ្ញុំនៅតែទាមទារប្រលងទាំងទ្រឹស្ដី និងដៃចង្កូត។)

 

Copyright ©

 
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s